ការងារស្ថាបត្យកម្ម ជាការងារសិល្បៈ និងបច្ចេកទេស សម្រាប់រចនាប្លង់អគារអោយមានភាពចាប់អារម្មណ៍ និងផ្តល់នូវសុភមង្គលក្នុងការរស់នៅ និងប្រើប្រាស់ ។ យើងឃើញថា រាល់គម្រោងប្លង់ស្ថាបត្យកម្ម និងសំណង់អគារ គឺពិតជាមិនអាចខ្វះបាននូវសារធាតុទឹក សម្រាប់ជានិមិ្មតរូបសា្ថបត្យកម្ម សោភ័ណ្ឌភាព និងធ្វើអោយល្បាយសំណង់មានគុណភាពល្អ។
រូបថតប្រាសាទនាគព័ន្ធ |
បើយើងក្រលេកមើលស្ថាបត្យកម្មប្រាសាទបុរាណខ្មែរដែលបុព្វបុរសខ្មែរសាងសង់ទុកអោយកូនចៅខ្មែរជំនាន់ក្រោយសុទ្ធតែបានផ្សាភ្ជាប់ជាមួយនឹងធាតុទឹកដូចជា ស្រះទឹកមុខប្រាសាទ និងគូទឹកព័ទ្ធជុំវិញ។ល។ មានន័យថា ទឹក ក្រៅពីសមាសធាតុមួយក្នុងការសាងសង់ប្រាសាទ ទឹកក៏បានដើរតួយ៉ាងសំខាន់ជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់អគារ សោភ័ណ្ឌភាពនៃចំណាំងឆ្លុះប្រាសាទលើផ្ទៃទឹក និងជាកំពែងដ៏រឹងមាំសម្រាប់ការពារខ្មាំងសត្រូវ(កំពែងទឹកប្រាសាទអង្គរវត្ត)ផងដែរ។
រូបថត ប្រាសាទអង្គរវត្តមើលពីអាកាស និងគូរទឹកព័ទ្ធជុំវិញ |
ការវិវត្តន៏ពីការសាងសង់ប្រាសាទ មកវត្តអារាម វត្ថមានរបស់ស្រះទឹកក៏នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងបរិវេណវត្ត ក្នុងគោលបំណងថែរក្សារក្សានូវអត្តសញ្ញាណព្រះពុទ្ធសាសនា(ព្រះពុទ្ធត្រាស់មុខស្រះទឹក និងវត្ថមាននាងរំសាយសក់) ការយកអាចម៍ដីមកចាក់ជាទីទួលព្រះវិហារ(ព្រះវិហារតែងតែសង់លើទីទួលខ្ពស់ ឬខឿនច្រើនជាន់) ការយកទឹកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ ការផ្តល់ជីវិតនៃផ្កាឈូក(ដង្វាយបូជាព្រះ) ព្រមទាំងជាសោភ័ណ្ឌភាព និងទស្សនីយភាពនៃស្ថាបត្យកម្មព្រះពុទ្ធសាសនាទៀតផង ។
ចំណែកសំណង់ផ្ទះខ្មែរប្រភេទឈើក៏រិតតែត្រូវការធាតុទឹកជាចាំបាច់ ព្រោះគ្រឿងបង្គុំឈើត្រូវមានសំណើមចន្លោះពី ១៥% ទៅ៣០% ។ បើឈើគ្មានសំណើមទេ សំណង់ពិតជាមិនមានអាយុកាល និងគុណភាពដែលអាចបន្តជាកេរមរតកដល់កូនចៅជំនាន់ក្រោយរស់នៅបានទេ។
--------------------------------------
***អត្ថបទ និងរូបភាព បងខ្លា***
No comments:
Post a Comment